ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តវេឡុគង្គារាម ហៅវត្តអូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ

ខេត្តក្រចេះ៖ ថ្ងៃចន្ទទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និង លោកជំទាវ ហឹង ណារី វ៉ា ថន រួមនិងមន្រ្តីរាជការជុំវិញខេត្ត និងពុទ្ធបរិស័ទ អញ្ជើញចូលកាន់បិណ្ឌវេនទី៥ នៅវត្តវេឡុគង្គារាម ហៅវត្តអូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ ឯកឧត្តម វ៉ា ថន និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បាននាំយកចង្ហាន់ ទេយ្យទានមកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់បានមកទទួលយក កុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបានធ្វើកិច្ច បែបសាសនា ស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ។

ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់ មួយដែលជនជាតិខ្មែរនីយមធ្វើតៗគ្នាតាំងពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរ្តិ៍ដំណែលវប្បធម៌រ បស់ដូនតាខ្មែរឱ្យបានស្ថិតស្ថេរគង់វង្សតាមរយៈ ការ បណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឱ្យចេះទៅធ្វើបុណ្យទាននៅ ក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះនៅតាមទីវត្តអារាមនានា ទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណា អភិរក្សពិធីបុណ្យប្រពៃណីជាតិ ដ៏ល្អផូរផង់នេះកុំឱ្យបាត់បង់។

ឯកឧត្តម បានរំលឹកឡើងថា ៖ បច្ចុប្បន្នដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់ប្រ មុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែបានខិតខំបំពេញ តាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខ សុភមង្គល រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើង ដូច្នេះទើបពួកគាត់អាចមានលទ្ធភាព និងធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តម ឲ្យពលរដ្ឋត្រូវបន្តចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចែល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួម ពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម ហើយកុំធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ជាមួយគ្នានេះដែរ ឯកឧត្តម និងលោកជំទាវ រួមសហការី បានប្រគេននូវបច្ច័យ ចំនួនប្រមាណជាង៩លានរៀលសម្រាប់កសាងទីវត្តអារាម៕