ពិធីប្រគល់-ទទួលរថយន្តសង្គ្រោះថ្មី ១គ្រឿង សំរាប់បម្រើដល់វិស័យសុខាភិបាល

ប៉ៃលិន៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្រគល់រថយន្តសង្គ្រោះ ១គ្រឿង ដល់មន្ទីរសុខាភិបាលខេត្ត ដែលជាអំណោយរបស់ធនាគារពិភពលោក និងគម្រោងលើកកម្ពស់សុខភាព និងសមធម៌សុខាភិបាលតាមរយៈក្រសួងសុខាភិបាល ដើម្បីបម្រើដល់វិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន ឱ្យកាន់តែល្អប្រសើរឡើង។

លោកអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើងថា រថយន្តសង្គ្រោះនេះមានសារៈសំខាន់ណាស់ សម្រាប់ជួយប្រជាពលរដ្ឋដែលមានជំងឺនិងរងគ្រោះថ្នាក់ផ្សេងៗដោយដឹកទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា និងក្នុងគ្រាមានអាសន្នផងដែរ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌ ជាក់ស្តែងការផ្តល់រថយន្តសង្គ្រោះនាពេលនេះ គឺជាសាក្ខីភាពដែលបញ្ជាក់ពីការគិតគូររបស់រាជរដ្ឋាភិ បាលចំពោះប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាយថ្លៃព្យាបាល នៅពេលមកទទួល និងប្រើប្រាស់សេវាពិនិត្យសុខភាព ជាពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ បានទាន់ពេលវេលា។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្តប៉ៃលិនទាំងអស់ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាពត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ការពិនិត្យនិងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយរថយន្តដែលទើបទទួលបានថ្មីនេះត្រូវជួយថែរក្សា ឱ្យបានល្អដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺពីមូលដ្ឋានមកកាន់ មន្ទីរពេទ្យធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា។

បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានមន្ទីរសុ ខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ននៅខេត្តប៉ៃលិន មានរថយន្តសង្គ្រោះរបស់រដ្ឋចំនួន ០៥គ្រឿងក្នុងនោះនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ០៤គ្រឿង និងមណ្ឌ លសុខភាពភ្នំព្រាល០១គ្រឿង សរុបទាំងរថយន្តដែលទើបទទួលបានថ្មីនេះគឺមានចំនួន០៦គ្រឿង៕