ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងបញ្ចុះបឋមសិសាសាងសង់កុដិ ចំនួន០១ខ្នង នៅវត្តភូមិធំ

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកំពង់ត្របែក បានអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា និងបញ្ចុះបឋមសិសាសាងសង់កុដិ ចំនួន០១ខ្នង នៅវត្តភូមិធំ ក្នុងឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រែវែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិការក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកំពង់ត្របែក ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំថ្កូវ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។

នាឱកាសនោះ លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក បានធ្វើសេចក្តីរាយការណ៍លម្អិតអំពីសមិទ្ធផលនានាដែលសម្រេចបានក្នុងស្រុកកំពង់ត្របែក ដោយក្នុងនោះសម្រាប់ការងារបង្កបង្កើនផលស្រូវក្នុងរដូវវស្សារបស់ប្រជាពលរដ្ឋ មានផ្ទៃដីសរុបចំនួន៣៦,៦០០ហិកតា ក្នុងនោះ ស្រូវពង្រោះ ចំនួន២៥,៨៣២ហិកតា ហើយប្រភេទស្រូវអ៊ីអ៊ែ ចំនួន៨,២០០ហិកតា ប្រភេទស្រូវកណ្ដាល ចំនួន១០,៧៨០ហិកតា និងប្រភេទស្រូវធ្ងន់ ចំនួន៦,៨៥២ហិកតា។ ដោយឡែកសម្រាប់ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ទូទៅក្នុងស្រុកកំពង់ត្របែក លោកអភិបាលស្រុក បានគូសបញ្ជាក់ផងដែរថា ចំពោះសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានសហការគ្នាថែរក្សាបាន ដោយមានលក្ខណៈយ៉ាងល្អប្រសើរនៅគ្រប់មូលដ្ឋានទាំងអស់។

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍ថា សមិទ្ធផលនានាត្រូវបានសម្ភោធនាពេលនេះ ជាពិសេសព្រះឧទ្ទេសកៈចេតីយ៍ គឺសម្រាប់វេរប្រគេនដល់វត្តទុកតម្កល់ជាសម្បត្តិរួមសម្រាប់ប្រជាពុទ្ធបរិស័ទដែលនៅចំណុះជើងវត្តប្រើប្រាស់ជាសម្បត្តិរួម។ ឯកឧត្តម សន្តិបណ្ឌិត បានបញ្ជាក់ថា ដោយឃើញពីទុក្ខលំបាករបស់បងប្អូនពុទ្ធបរិស័ទមួយចំនួនមិនមានលទ្ធភាពក្នុងការកសាងចេតីយ៍ផ្ទាល់ខ្លួនសម្រាប់តម្កល់អធិធាតុសាច់ញ្ញាតិបងប្អូនដែលបានទទួលមរណភាព ហើយព្រះចេតីយ៍នេះគឺអនុញ្ញាតឱ្យបងប្អូនប្រជាពុទ្ធបរិស័ទអាចយកអធិធាតុសាច់ញ្ញាតិបងប្អូនមកតម្កល់នៅក្នុងព្រះចេតីយ៍នេះបាន ដោយមិនគិតពី វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម សន្តិបណ្ឌិត បន្តថា នេះគឺជាការរួមចំណែកក្នុងការកាត់បន្ថយចំណាយរបស់គ្រួសារនីមួយៗ ដែលមិនមានលទ្ធភាពរៀបចំ និងកសាងចេតីយ៍សម្រាប់គ្រួសារនីមួយៗ ហើយដោយឡែកសមិទ្ធផលផ្សេងៗដទៃទៀត គឺវេរប្រគេនដល់វត្តសម្រាប់ប្រើប្រាស់ និងតម្តល់ជាសម្បត្តិរួមសម្រាប់ប្រជាពុទ្ធបរិស័ទទូទៅទាំងអស់។ ជាងនេះទៀត ឯកឧត្តម សន្តិបណ្ឌិត បានទូលដល់ព្រះសង្ឃ និងជម្រាបជូនដល់ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ឱ្យខិតខំចូលរួមថែរក្សានូវសមិទ្ធផលទាំងអស់នេះឱ្យបានគង់វង្សយូរអង្វែង។

សូមជម្រាបផងដែរថា សមិទ្ធផលនានាដែលត្រូវសម្ភោធនាពេលនេះ រួមមាន៖ ព្រះឧទ្ទេសកៈចេតីយ៍ ទំហំ៥,៧ម៉ែត្របួនជ្រុង មាន៣ថ្នាក់ កម្ពស់១៤ម៉ែត្រ, សេនាសនៈ០១ខ្នង មានបណ្តោយ៦ម៉ែត្រ ទទឹង៤,៥ម៉ែត្រ រចនាបទបែបសម័យអង្គរ, ដំរីធំ២គូរ, ដំរីភ្លុកខៀវតូច១គូរ, រូបសំណាកចំនួន៩ និងបញ្ចុះបឋមសិលាសាងសង់កុដិថ្មី១ខ្នងថែមទៀត។ ក្រៅពីនេះ ឯកឧត្តម សន្តិបណ្ឌិត ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធ ក្នុងនោះក៏បានប្រគល់កុំព្យូទ័រដល់រដ្ឋបាលឃុំថ្កូវចំនួន១គ្រឿង ប្រគល់សំលៀកបំពាក់ជូនប្រជាការពារចំនួន៣៥នាក់ ព្រមទាំងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសាររលំផ្ទះចំនួន៥គ្រួសារផងដែរ។

បន្ទាប់ពីកិច្ចជួបសំណេះសំណាលរួចមក ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ ព្រមទាំងគណៈប្រតិភូអមដំណើរ ក៏បានអញ្ជើញចូលរួមប្រារព្ធពិធីកាន់បិណ្ឌវេនទី០៣ នៅវត្តភូមិធំ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។ ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនោះ ឯកឧត្តម សន្តិបណ្ឌិត ក៏បានថ្វាយគ្រឿងសក្ការៈបូជា ទៀនធូប ផ្កាភ្ញី និងថ្វាយដង្វាយចំពោះព្រះសម្មាសម្ពុទ្ធ សមាទានសីល និមន្តព្រះសង្ឃបង្សុកូល ព្រមទាំងអញ្ជើញរាប់បាត្រ និងវេរចង្ហាន់បិណ្ឌបាត្រ ព្រមទាំងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃ នៅក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៣នេះផងដែរ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វការីជន៕