អាជ្ញាធរខេត្តមណ្ដលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនចាស់ជរាគ្មានទីពឹង គ ថ្លង់ និងទីទ័លក្រខ្លាំង រស់នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូរាំង

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធទី២ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់លោកតា ក្រូយ អ្វែក អាយុ៨៧ឆ្នាំ ជនជាតិដើមភាគតិច ព្នង ជាជនចាស់ជរាគ្មានទីពឹង គ ថ្លង់ និងទីទ័លក្រខ្លាំង រស់នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធាន បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ សាកសួរ សុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ចាស់ជរាគ្មានទីពឹង ជនរងគ្រោះ ជនងាយរងគ្រោះ គ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើស អើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សម្ភារដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ កំសៀវ១ ចានដែក១ បំពង់ទឹកក្ដៅ១ និងថវិកាចំនួន ៤០០,០០០រៀល៕