ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា ៖ សន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ចសង្គម សន្តិសុខ និងសុវត្ថិភាពភូមិ ឃុំ សង្កាត់ គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍លើគ្រប់វិស័យ

ភំ្នពេញ៖ សន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ចសង្គម សន្តិសុខ និងសុវត្ថិភាពភូមិ ឃុំ សង្កាត់ គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍លើគ្រប់វិស័យ។ នេះការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបើកវគ្គបំប៉នជំនាញ ការពារផ្ទាល់ថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ និងការពារគោលដៅ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅអង្គភាពអន្តរាគមន៍។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធាន-អនុប្រធានអង្គភាព ប្រធាន-អនុប្រធាននាយកដ្ឋាន ស្នងការរងនិងនាយ-នាយរងការិយាល័យរាជធានី-ខេត្ត គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាម ដែលមានសិក្ខាកាមចូលរួមចំនួន ១០១នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា «ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងព្រមទាំងបានផ្តល់ការគាំទ្រគ្រប់បែបបយ៉ាង ទាំងស្មារតី សម្ភារៈ និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សមត្ថភាព វិជ្ជាជីវៈ ពង្រឹងគុណភាពអប់រំ បណ្តុះបណ្តាល និងលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ ដល់មន្រ្តីនគរបាលជាតិ ឲ្យស្របតាមតម្រូវការ នៃអង្គភាពប្រើប្រាស់កម្លាំង និងធានាបាននូវភាពម្ចាស់ការ លើការងារបណ្តុះបណ្តាល ដោយកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិ ទៅសិក្សា ឬបណ្តុះបណ្តាលនៅក្រៅប្រទេស»។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ បានបន្តថា «វគ្គបំប៉នជំនាញ ការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ និងការពារគោលដៅនាពេលនេះ គឺជាមុខជំនាញ ដែលកងកម្លាំងប្រដាប់អាវុធប្រើប្រាស់ជាប្រចាំ ជាពិសេសកងកម្លាំងនគរបាលជាតិយើងតែម្តង សំដៅធានាដល់ការចូលរួមការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់ បាតុភាព បង្កចលាចល បាតុកម្មខុសច្បាប់ បង្រ្កាបរាល់សកម្មភាពភេរវកម្ម រំដោះចំណាប់ខ្មាំង សង្រ្គោះគ្រោះមហន្តរាយផ្សេងៗ និងត្រួតពិនិត្យការអនុវត្តវិន័យ របៀបរបបធ្វើការងារប្រចាំថ្ងៃ និងការគ្រងសម្លៀកបំពាក់ ឯកសណ្ឋាននគរបាលជាតិ ឲ្យបានត្រឹមត្រូវតាមការកំណត់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ»។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់បន្ថែមថា «សិក្ខាកាមទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ រៀនឲ្យចេះ មិនមែនរៀនឲ្យចប់ ក្នុងន័យនេះ សិក្ខាកាមគ្រប់រូបដែលត្រូវត្រឡប់ទៅបម្រើការងារនៅអង្គភាពវិញ ត្រូវចេះបង្ហាញពី ឥរិយាបទការងារ ជាមន្រ្តីនគរបាលជាតិ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំ ផ្តល់សេចក្តីទុកចិត្តមកលើខ្លួន»៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ