រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល បានរៀបចំវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្នួល និងឯកឧត្ដម វ៉ា ថនអភិបាលខេត្តក្រចេះ ដោយមានអញ្ជើញចូលរូមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារ អជ្ញាធរក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជា២០០នាក់។

មានប្រសាសន៍បើកអង្គវេទិការសាធារណៈនេះ ឯកឧត្ដម លី ផល្លា បានលើកឡើងថាវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានគោលបំណងសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងស្ដាប់នូវកង្វល់ បញ្ហាប្រឈម ឬសំណូមពរ សំណើររបស់ប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយរាល់សំណូមពរ និងសំណើរទាំងនោះដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ក្នុងរណីមិនអាចដោះស្រាយបាន ក្រុមការងារ និងរាយការណ៍ជូនរដ្ឋាភិបាល តាមឋានានុក្រម។

ក្នុងវេទិការនោះដែល មានប្រជាពលរដ្ឋស្នើសុំនិងលើកបញ្ហាមួយចំនួនរួមមាន បញ្ហាបរិស្ថានដែលបុគ្គលមួយចំនួនបង្កឡើងដោយចាក់ធុងបាសកំសាន្តដល់យប់ជ្រៅពេក និងការចិញ្ចឹមជ្រូកបណ្ដាលឲ្យមានក្លិនស្អុយ បញ្ហាសេវាករផ្គត់ផ្គងទឹកប្រើប្រាស់មិនបានគ្រប់គ្រាន់ និងមិនមានអនាម័យត្រឹមត្រូវ ព្រមទាំងមានសំណូមពរដល់អជ្ញាធរជួយជួសជុលផ្លូវ សុំតភ្ជាប់បណ្ដាញអគ្គិសនីបន្ថែម និងស្នើសុំសមត្ថកិច្ចជំនាញបង្ក្រាបបទល្មើល្បែងស៊ីសងនិងគ្រឿងញៀនអោយបានទាន់ពេលវេលា។

ក្រោយពីបានស្តាប់នូវការលើកឡើងនិងការស្នើសុំរបស់ប្រជាពលរដ្ឋ តំណាងមន្ទីរពាក់ពន្ធ័បានបកស្រាយពន្យល់ជូនភ្លាមៗ និងមួយចំនួនទៀតទុកជូនថ្នាក់លើដោះស្រាយ ហើយរាល់ការពន្យល់ ដោះស្រាយរបស់ក្រុមការងារប្រជាពលរដ្ឋក៏បានស្ដាប់និងទទួលយកដោយការសប្បាយចិត្ត។ ចំពោះបញ្ហាប៉ះពាល់បរិស្ថានឯកឧត្ដមគណអធិបតីបានចាត់ឲ្យក្រុមការងារពាក់ព័ន្ធចុះពិនិត្យ អប់រំ និងដោះស្រាយភ្លាមៗក្រោយពីអង្គវេទិការបានបញ្ចាប់។

មានប្រសាសន៍បិទអង្គវេទិការឯកឧត្ដម លី ផល្លា និងឯកឧត្ដម វ៉ា ថន បានជំរុញដល់អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួមនិងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានត្រូវតែធ្វើយ៉ាងណាអោយមូលដ្ឋាន ភូមិ.ឃុំយើងទទួលបានសុខសុវត្តិភាព មានការអភិវឌ្ឍ អោយកាន់តែរីកចំរើនឡើងបន្ថែមទៀត ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់អោយអស់នូវចំណុចអវិជ្ជមានទាំងឡាយ ដែលប្រជាពលរដ្ឋបានលើកឡើង-ខិតខំជួយដោះស្រាយរាល់ទុក្ខកង្វល់ បញ្ហាសុខភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាប់បទល្មើស លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀន ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

ឯកឧត្តម បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែទម្លាប់មានអនាម័យ និងចេះការពារខ្លួនឯង តាមរយៈការពាក់ម៉ាស ឬមានក្រមា ទឹកអាកុលឬជែលនៅជាប់ខ្លួនជានិច្ច ព្រោះវិធានការទាំងអស់នេះ សហគមន៍យើងនឹងគ្មានជំងឺកូវីដ១៩ ហើយប្រទេសកម្ពុជារបស់យើងនឹងយកឈ្នះកូវីដ១៩ជាក់ជាពុំខាន៕