រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស៊ីធរ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ស្នើឱ្យគ្រប់ប៉ុសិ៍នគបាលរដ្ឋបាល ត្រូវពង្រឹងបន្ថែមទៀតនូវ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុវត្តកិច្ចការនេះជាប្រចាំធ្វើដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍៩ចំណុច នៃគោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព”។

ឯកឧត្ដមស្នើបែបនេះ ក្នុងឱ្យកាសឯកឧត្ដម ជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស៊ីធរ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

ឯកឧត្ដមអភិបាលរងខេត្ត បន្តថា កងកំលាំងប្រដាប់អាវុធ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួនឱ្យបានល្អ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុវត្តដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធ្វើឱ្យភូមិ ឃុំមានសុវត្តិភាព។

ជាងនេះទៅទៀត កងកំលាំងប្រដាប់អាវុធ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវកែប្រែឥរិយាបថ ពីអ្នកគ្រប់គ្រង ឱ្យទៅជាអ្នកផ្ដល់សេវារដ្ឋបាល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតប ដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទះម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ និងអភិក្រមទាំង៥ របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីគឺ មុជទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល និងវះកាត់ ដោយរួមសាមគ្គីភាពសហការគ្នាយ៉ាងសកម្ម ក្នុងការផ្ដល់សេវាសាធាណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍក្នុងមូលដ្ឋាន ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រងដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

ឯកឧត្ដមបន្ថែមថា ប៉ុស្ដិ៍នគរបាលឃុំ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រដ្ឋបាលឃុំស៊ីធរ និងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល និងជាកន្លែងឈរជើងរបស់មន្ដ្រីប៉ុស្ដិ៍ សម្រាប់បំពេញការងារ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដូច្នេះ ក្រោយពីទទួលបានអគារប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំថ្មី មន្រ្ដីនគរបាលប៉ុស្ដិ៍ ត្រូវលើកកម្ពស់ការបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋរស់នៅដោយសុវត្ថិភាព ដើម្បីជីវភាពរស់នៅកាន់តែប្រសើរឡើង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋានផងដែរ។

ឯកឧត្ដមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្ដយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ការពារ ការឆ្លងរីករាល នៃជំងឺកូវីដ-១៩បន្ដទៀត៕