អភិបាលខេត្តកំពតដឹកនាំប្រជុំពិនិត្យលើ​ គុណភាព​ ប្រសិទ្ធភាពការងារប្រមូលសម្រាម

ខេត្តកំពត៖ នាព្រឹក​ថ្ងៃសុក្រ​ ១០កើត ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី​២៨​ ខែ​សីហា​ ឆ្នាំ២០២០​ ឯកឧត្តម​ ជាវ តាយ​ អភិបាល នៃគណៈអភិបាលខេត្តកំពត​ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យលើគុណភាព ប្រសិទ្ធភាពក្នុងការប្រមូលសម្រាម។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំរួមមាន អង្គភាពចំណុះសាលាខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ នៃក្រុងកំពត​ និងស្រុកទឹកឈូចំនួន​ ២១ឃុំ​ សង្កាត់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា បើទោះបីរយៈពេលកន្លងមករដ្ឋបាលខេត្ត តែងបានបើកកិច្ចប្រជុំជំរុញ ណែនាំ ដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរ ក្រុងស្រុក ឃុំ សង្កាត់ ក្នុងក្រុងកំពត​ និងស្រុកទឹកឈូ​ ជាញឹកញាប់ក៏ពិតមែន​ ប៉ុន្តែនៅពេលបច្ចុប្បន្នសង្កេតឃើញនៅមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយ ហើយនៅតែមានបញ្ហាប្រឈមការប្រមូលទុកដាក់កាកសំណល់សម្រាម ការថែរក្សាអនាម័យបរិស្ថាន នៅតាមមូលដ្ឋាននៃឃុំសង្កាត់នីមួយៗ ពោលគឺតាមលំនៅដ្ឋានប្រជាពលរដ្ឋ តាមដងផ្លូវ សួនសាធារណៈ តាមដងព្រែកកំពតជាដើម។ កិច្ចប្រជុំពេលនេះ គឺជាធាតុចូលទាំងអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរពាក់ព័ន្ធ សហការបង្កើនការយកចិត្តទុកដាក់ រកដំណោះស្រាយ ដើម្បីកាត់បន្ថយនិងការទប់ស្កាត់ទាំងអស់គ្នា​ សំដៅធ្វើឲ្យអនាម័យបរិស្ថានមានលក្ខណៈប្រសើរក្នុងមូលដ្ឋាននីមួយៗ ពិសេសគឺ កាត់បន្ថយ នឹងឈានដល់ការលុបបំបាត់ឲ្យបាននូវការចោលសម្រាមពាសវាលពាសកាលតាមដងផ្លូវសាធារណៈ។

ពិសេសអាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធត្រូវរកទីតាំងចាក់សម្រាម និងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងចូលរួមទាំងអស់គ្នា ធ្វើយ៉ាងណាឲ្យខេត្តកំពតជាខេត្តគោលដៅទេសចរណ៍ ជាតិ អន្តរជាតិបានមក​សម្រាកកំសាន្តហើយ និងចង់មកម្តងទៀត។

ពាក់ព័ន្ធនឹងការប្រមូលសំរាមរបស់ក្រុមហ៊ុនហ្កាអ៊ែ (gaea ) រយៈពេល១០ឆ្នាំ នៅក្នុងក្រុងកំពត​ និងឃុំមួយចំនួនជាប់ក្រុងកំពត​ កន្លងមកនេះ ភាគច្រើនគឺអាជ្ញាធរឃុំសង្កាត់តែងតែបានលើកឡើងនៃការយឺតយ៉ាវក្នុងការប្រមូលសម្រាម ធ្វើឲ្យប្រជាពលរដ្ឋរអ៊ូរទាំជាញឹកញាប់។

ឯកឧត្ដម​ អភិបាល​ខេត្ត​ បានសំណូមពរដល់អាជ្ញាធរ​ ក្រុង​ ស្រុក​ ឃុំសង្កាត់​ ត្រូវចូលរួមធ្វេីយុទ្ធនាការប្រមូលសម្រាមក្នុងភូមិសាស្រ្តរបស់ខ្លួនមួយសប្តាហ៍អោយបានម្តងធ្វេីជាប្រចាំ​ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយពួកគាត់មានការយល់ដឹង​ ការវេចខ្ចប់ទុកដាក់សម្រាម​ តាមគ្រប់មធ្យោបាយដែលអាចធ្វេីបាន​ និងត្រូវកាប់ឆ្ការព្រៃតាមដងផ្លូវ​ ដេីម្បីអោយមានសោភណ្ឌភាពស្អាតផងដែរ។