ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព រួមទាំងអាជីវករយ៉ាងច្រើនកុះករ។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរចំពោះ ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាងហើយពិធីសម្ពោធ ក្នុងថ្ងៃនេះគឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយតាមរយ:ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថី្មនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៌ប្រទេសជាតិ។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ក៏បានផ្តាំផ្ញើអោយអ្នកគ្រប់គ្រងមជ្ឈមណ្ឌល យកចិត្តទុកដាក់លើការងាររក្សាសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន នៅក្នុងមជ្ឈមណ្ឌលទាំងមូល ជាពិសេសគឺត្រូវយកចិត្តទុកដាក់លើការការពារសុវត្ថិភាពពីជំងឺកូវីត-១៩ ដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលបានមកទិញទំនិញក្នុងទីតាំងរបស់ខ្លួន តាមរយ:ការពាក់ម៉ាស់អោយបានត្រឹមត្រូវ ការលាងដៃជាមួយសាប៊ូ រឺជែលលាងដៃអោយបានញឹកញាប់។

យោងតាមការអោយដឹងពី លោក មុំ តារា តំណាងក្រុមហ៊ុន តារា សីុណា ប្រូឃ័រ បានអោយដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្ម បានសាងសង់ឡើងក្នុងរយៈពេល ១២ខែ លើផ្ទៃដី ១២.៨៨៦ ម៉ែត្រក្រឡាដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយចំណាយថវិកាសរុបចំនួន ១.៥៣២.៨០០ ដុល្លារអាមេរិក ក្នុងនោះមាន៖
-តូបនិងស្តងសរុបចំនួន៤០៨
-ចំណតរថយន្ត ចំនួន២កន្លែង អាចចតរថយន្តបាន៩០គ្រឿង
-ចំណតទោចក្រយានយន្ត អាចថតបានចំនួន ៣០០គ្រឿង
-បន្ទប់អនាម័យចំនួន២ មានទំហំ (៦x១៦) មាន២២បន្ទប់ សរុប ៤៤បន្ទប់
-ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត៕