បដិសេធ​ការ​ប្រកាស​អាសន្ន​ជាតិ ​របស់​លោក​ត្រាំ

សហរដ្ឋអាមេរិក ៖ ជា​ការ​វាយបក​មួយ​ចំពោះ​លោក​ប្រធានាធិបតី​ត្រាំ សភា​អា​មេ​រិ​ក​គ្របដណ្ដប់​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​២៦​កុម្ភៈ​បាន​បោះ​ឆ្នោត​ដោយ​សំឡេង​ភាគច្រើន​គួរសម ប្រឆាំង​ការ​ប្រកាស​អាសន្ន​ជាតិ​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី លោក​ដូ​ណា​ល់​ត្រាំ ដើម្បី​អាច​ទទួល​បាន ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការ​កសាង​ជញ្ជាំង​តាម​ព្រំដែន​ជាមួយ​ម៉ីក​ស៊ិក​។

មានរឿង​សំខាន់​ដែល​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ របស់​លោក​ត្រាំ​ដល់​ទៅ​ជាង​១០​រូប​ក៏​បោះ​គាំទ្រ​ការ​ប្រឆាំង​នោះ​ដែរ​។ ដល់​វេន​ព្រឹទ្ធសភា​ដែល​ពួក​អ្នក​សាធារណរដ្ឋ​មាន​សំឡេង​ភាគច្រើន ដែល​ត្រូវ​អនុម័ត​គម្រោង​នៃ​សេចក្តី​សម្រេចចិត្ត​នោះ នា​បណ្ដា​ថ្ងៃ​ខាង​មុខ​។

គម្រោង​សេចក្ដី​សម្រេចចិត្ត​នោះ​ក៏​អាច​អនុម័ត​ដោយ​ព្រឹទ្ធសភា​។ ប្រ​សិន​ទីបំផុត​វា​ត្រូវ​សភា​ទាំង​២​របស់​អា​មេ​រិ​ក​អនុម័ត នោះ​លោក​ដូ​ណា​ល់​ត្រាំ ដែល​សច្ចា​ថា​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​កសាង​ជញ្ជាំង​ព្រំដែន​ឲ្យ​ទាល់តែ​បាន អាច​បង្ខំចិត្ត​ប្រើ​វេតូ​ជា​លើក​ដំបូង​ប្រឆាំង​គម្រោង​សេចក្ដី​សម្រេចចិត្ត​នេះ​។