កិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្តកែប

កែប៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដឹកនាំដោយ លោក អ៊ុក ថា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដោយផ្តោតទៅលើគម្រោងដែលអនុវត្តបាន មិនទាន់អនុវត្ត ជាពិសេសគម្រោងអាទិភាព ត្រូវការថវិកាបន្ទាន់ដើម្បីគាំទ្រអនុវត្ត។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានលើកឡើងថា គម្រោងដែលអាទិភាពហើយមិនទាន់មានថវិកាគាំទ្រអនុវត្ត នឹងត្រូវពិចារណាដាក់បញ្ជូលទៅជាតម្រូវការក្នុងកម្មវិធីវិនិយោគលើកក្រោយទៀត។ លោកបន្ថែមទៀតថា គ្រប់មន្ទីរអង្គភាព ដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវមានកិច្ចសហការណ៍ល្អ ជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់ជារបាយការណ៍ ការអនុវត្តគម្រោងអោយបានទៀតទាត់។

លោកបានបន្ថែមទៀតថា ក្នុងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ត្រូវតែមានធាតុចូលពីគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ហេតុនេះលោកស្នើអោយអ្នកពាក់ព័ន្ធទាំងអស់ត្រូវតែផ្តល់ធាតុចូលមកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត អោយបានគ្រប់គ្រាន់ ត្រឹមត្រូវតាមលក្ខខណៈបច្ចេកទេស និងទាន់ពេលវេលា។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត ក្នុងឱកាសបិទកិច្ចប្រជុំនេះ បានមានប្រសាសន៍ថា គ្រប់គម្រោងដែលអនុវត្តក្នុងខេត្តទាំងអស់ត្រូវតែមាននៅក្នុងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដែលអនុម័តដោយក្រុមប្រឹក្សាខេត្តជាចាំបាច់ ព្រោះកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត បានបង្ហាញពីតម្រូវការមូលដ្ឋាន ក្នុងការអភិវឌ្ឍន៍ខេត្ត ក្នុងន័យកាត់បន្ថយភាពក្រីក្រក្នុងខេត្ត។

លោកបន្ថែមទៀតថា មន្រ្តីបច្ចេកទេសទាំងអស់ត្រូវតែខិតខំពង្រឹងសមត្ថភាពខ្លួនឯងអោយបានល្អ ចំពោះកិច្ចការរៀបចំ និងកសាងកម្មវិធីវិនិយោគខេត្តនេះ ព្រោះថា កិច្ចការនេះពិតជាមានសារសំខាន់ណាស់សម្រាប់ជួយខេត្ត ក្នុងការតម្រង់ទិសអភិវឌ្ឍន៍ខេត្តអោយចំគោលដៅ៕