ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ចុះចែកអំណោយជូនប្រជាពលរដ្ឋជួបការលំបាក និងចាស់ជរា ចំនួន៤០គ្រួសារ នៅឃុំដានគោម ស្រុកអង្គរជ័យ

ខេត្តកំពត៖ ព្រឹកថ្ងៃស្រុក ១១ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត​ លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមការងារចុះមូលដ្ឋានស្រុកអង្គរជ័យ ព្រមទាំងសហការី យុវជនទាំងបីប្រភេទ និងមន្រ្តីរដ្ឋបាលស្រុកអង្គរជ័យ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីបញ្ហាប្រឈមប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ។

ឯកឧត្តមប្រធានក៏បាននាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នឹងចាស់ជរាចំនួន ៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ២៥kg មី ១កេស ត្រីខ ១យួរ ទឹកត្រីចំណុះពីរលីត្រ ១ដប ស្ករស ១ គីឡូក្រាម ប៊ីចេង ១ កញ្ចប់ ម្សៅសាប៊ូ ១កញ្ចប់ សាប៊ូប្រូថិក ១ដុំ ថវិកា២០,០០០៛ ក្នុងនោះដែរ កងកំលាំង១៣នាក់ ១នាក់/ ២០,០០០៛។

ឯកឧត្តមប្រធាន បានបំផុសគំនិតឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការដាំដំណាំជាលក្ខណៈគ្រួសារ ព្រោះវាអាចជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ក្នុងនោះ ក៏មានកសិករ ១គ្រួសារបានចូលរួមផ្ដល់ជាបទពិសោធន៍តាមលក្ខណៈបច្ចេកទេសជូនបងប្អូនប្រជាពលរដ្ឋ ពីការចិញ្ចឹមមាន់ និងដាំបន្លែ ផងដែរ ។

ឯកឧត្តមប្រធានបានបន្តណែនាំបងប្អូនប្រជាពលរដ្ឋ ត្រូវការពារខ្លួនពីកូវីដ១៩ និងត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ ទោះបីនៅកម្ពុជា មានអ្នកជំងឺកូវីដ១៩ តិចតួចក៏ដោយ។