គណៈកម្មការទី៣នៃរដ្ឋសភា និងប្រតិភូចុះពិនិត្យកសិដ្ឋានបន្លែសុវត្ថិភាព នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប

ខេត្តសៀមរាប៖ នារសៀលថ្ងៃពុធ ៩រោចខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីមានកិច្ចជំនួបពិភាក្សារវាងគណ:កម្មការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណ:កម្មការទី៣)នៃរដ្ឋសភា ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣នៃរដ្ឋសភា និងរដ្ឋបាលខេត្តសៀមរាបដឹកនាំដោយឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សារខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួចមក លោក ទា គឹមសុទ្ធប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់នេសាទខេត្ត បានអមដំណើរ ប្រតិភូគណ:កម្មការទី៣នៃរដ្ឋសភា ដោយបានការអញ្ជើញអមដំណើររបស់ថ្នាក់ដឹនាំក្រសួងកសិកម្ម ដោយឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប អាជ្ញាធរស្រុកសូទ្រនិគម ឃុំសំរោង ប្រជាកសិករសមាជិកសហគមន៍កសិកម្មសំរោងមានជ័យ ចុះពិនិត្យកសិដ្ឋានបន្លែសុវត្ថិភាព លោក ឈាវ ហុង សមាជិកសហគមន៍កសិកម្មសំរោងមានជ័យ គាំទ្រដោយកម្មវិធីASPIRE ខេត្តសៀមរាប នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ជាមួយនឹងការចុះពិនិត្យនេះ ប្រតិភូមានការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរនូវជំហាននៃការអភិវឌ្ឍរបស់កសិករសហគមន៍លើវិស័យកសិកម្ម ជាបណ្តើរៗ ដូចទៅនឹងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន និងបានរួមចំណែកក្នុងកំណើនផលិតផលសរុបក្នុងស្រុក(ផសស)របស់ជាតិ ពេលបច្ចុប្បន្ន និងទៅអនាគត។

សូមបញ្ចាក់ថាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ជាកម្មវិធីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងជួយលើវិស័យកសិកម្ម បានទទួលហិរញ្ញប្បទាន ពីIFAD និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។ កម្មវិធី អាស្ប៉ាយ ដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានខេត្តគោលដៅចំនួន ២៤ខេត្ត ។

ខេត្តសៀមរាបចាប់ផ្តើមអនុវត្តកម្មវិធី អាស្ប៉ាយ នៅឆ្នាំ២០១៩ ដោយផ្តោតសំខាន់លើការចងក្រងក្រុមគ្រួសារកសិករ ជាបណ្តុំអាជីវកម្ម កសិកម្ម មានដូចជាបណ្តុំអាជីវកម្មស្រូវ បណ្តុំអាជីវកម្មបន្លែ បណ្តុំអាជីវកម្មចិញ្ចឹមមាន់ បណ្តុំអាជីវកម្មចិញ្ចឹមត្រី ។ល។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ កម្មវិធី អាស្ប៉ាយបាន បង្កើតនិងគាំទ្របណ្តុំអាជីវកម្មសរុបបានចំនួន ១១៧បណ្តុំហើយ៕