ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ជំទប់ទី១ ជំនប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំទួលទទឹង ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ជំទប់ទី១ ជំនប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ-អង្គភាព សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ បុគ្គលិករដ្ឋបាលឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ តំណាងអង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍ និងប្រជាពលរដ្ឋមូលដ្ឋាន ជាច្រើនរូបផងដែរ។

ក្នុងឱកាសឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុម ប្រឹក្សាឃុំ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់ពី កម្លាំងកាយចិត្ត អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន សម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ជា ផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយសមិទ្ធផលទាំងនោះ គឺជាមូលដ្ឋាន សម្រាប់ក្រុមប្រឹក្សាឃុំ បន្តពង្រីកពង្រឹងថែមទៀតដើម្បីអភិវឌ្ឍឃុំ ភូមិរបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្ដមសូមស្វាគមន៍ និងអបអរសាទរ ចំពោះ លោក ឯម សុគា ប្រធានក្រុម ប្រឹក្សាឃុំ និងជាមេឃុំទួលទទឹង លោក ប៉ែន សុជាតិ ជំទប់ទី១ លោកស្រី សួន គន្ធា ជំទប់២ លោក ម៉ាន រី និងលោក អ៊ុ ភឿន សមាជិកក្រុមប្រឹក្សាឃុំទួលទទឹង ដែលត្រូវបានទទួលស្គាល់ស្របតាមប្រកាសលេខ ២៨៨០ប្រក. ចុះថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដោយឈរលើមូលដ្ឋានច្បាប់គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តដែលមានចែកជាធរមាន និងសូមប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ” ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ” និងបាវចនាពីរគឺ ” កែទម្រង់ខាងក្នុង ” និង ” បង្កើតមិត្តខាងក្រៅ ” ដោយសា្មរតីឯករាជ្យ៕