ដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រអគ្គីសនីដើរដោយប្រេងខ្មៅ និងឧស្ម័នអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ ២៣០គីឡូវ៉ុល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំប្រតិភូខេត្ត ដោយមាន ឯកឧត្តមអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចូលរួមដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រអគ្គីសនីដើរដោយប្រេងខ្មៅ និងឧស្ម័នអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ ២៣០គីឡូវ៉ុល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គីសនីកម្ពុជា ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ។

សូមបញ្ជាក់ជូនផងដែរថា សមិទ្ធិផលដ៏ធំធេងដែលបានផុសឡើងក្រោមការដឹកនាំប្រកបដោយគតិ្តបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសទឹកដី ភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ជាទីតាំងដ៏ល្អបំផុតសម្រាប់សាងសង់រោងចក្រអគ្គីសនីនេះឡើង និងសាងសង់ឡើងលើផ្ទៃដីសរុប ៤៣ហិកតា ហើយរោងចក្រនេះផងដែរគឺដំណើរការដោយប្រេងខ្មៅ ឧស្ម័ន និងហ្គាស មានអនុភាពរហូតដល់ ៤០០មេហ្គាវ៉ាត់ គឺមានអនុភាពបំពេញបន្ថែមសម្រាប់ការប្រើប្រាស់អគ្គីសនីនៅទូទាំងប្រទេស និងមានអនុស្ថានីយ ១កន្លែង អនុភាព២៣០គីឡូវ៉ុល សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល គិតមកដល់ថ្ងៃនេះដែរគឹសាងសង់បានប្រមាណ ៩០ភាគរយហើយ នឹងដាក់ឱ្យដំណើការនៅចុងខែសីហា ខាងមុខនេះ។

ដូច្នេះក្រោយពេលរោងចក្រអគ្គីសនីដ៏ធំ និងថ្មីសន្លាងនេះបានដំណើរការ យើងនឹងមានថាមពលអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការផងដែរ។