ជំនួបពិភាក្សាការងារស្ដីពីការត្រៀមរៀបចំវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពក្រោមប្រធានបទ “ការជំរុញសហគ្រិនភាពវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម” នៅខេត្តស្វាយរៀង នាពេលខាងមុខ

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ០៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបលោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រតិភូ ដើម្បីពិភាក្សាការងារស្ដីពីការត្រៀមរៀបចំវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពក្រោមប្រធានបទ “ការជំរុញសហគ្រិនភាពវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម” នៅខេត្តស្វាយរៀង នាពេលខាងមុខ ។

ជំនួបពិភាក្សានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោក លោកស្រីជាក្រុមការងារមកពីនាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្ដមអនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត លោកអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងលោក លោកស្រីប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង ស្រុកទាំង៨ ក្នុងខេត្ត ។

ក្នុងឱកាសនោះ លោកជំទាវ ចម និម្មល បានថ្លែងនូវការអរគុណចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបានអញ្ជើញទទួលជួបគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជានាពេលនេះ និងបានជម្រាបជូនថា ដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមើលឃើញពីការអភិវឌ្ឍន៍ សមិទ្ធផល និងសក្ដានុពលនានានៅក្នុងខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាបានសម្រេចជ្រើសរើសខេត្តស្វាយរៀងគឺជាខេត្តទី១ សម្រាប់ដកពិសោធន៍ក្នុងការរៀបចំវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពក្រោមប្រធានបទ “ការជំរុញសហគ្រិនភាពវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម” ដែលគ្រោងនឹងរៀបចំនៅសប្ដាហ៍ទី២ ខែសីហា ឆ្នាំ២០២០ ក្នុងគោលបំណង ១-ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗពាក់ព័ន្ធទៅលើឱកាសឈានទៅរកភាពជោគជ័យក្នុងអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មទៅដល់យុវជន និងម្ចាស់អាជីវកម្ម ២-បំផុសគំនិតក្នុងការចាប់យកឱកាសដើម្បីបង្កើតអាជីវកម្ម និងការអភិវឌ្ឍអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ស្របតាមបរិបថ និងតម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់ និង ៣-ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលស្របតាមគោលនយោបាយជាតិក្នុងការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពសម្រាប់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ។ ជាមួយនេះ លោកជំទាវ ក្នុងនាមក្រុមការងារក៏សូមស្នើការសហការគាំទ្រពីឯកឧត្ដមអភិបាលខេត្ត ដើម្បីរៀបចំវេទិកានេះឲ្យទទួលបានជោគជ័យ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអរគុណចំពោះឯកឧត្ដមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានជ្រើសរើសខេត្តស្វាយរៀង ជាខេត្តទី១សម្រាប់ការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ព្រមទាំងបានចាត់តាំងក្រុមការងារដឹកនាំដោយលោកជំទាវប្រធាននាយកដ្ឋានអញ្ជើញមកជួបពិភាក្សាជាមួយរដ្ឋបាលខេត្តនាពេលនេះ ។ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្ដមសូមគាំទ្រ និងសហការសម្របសម្រួលជានិច្ចដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តទៅបានជោគជ័យស្របតាមគោលបំណងដែលបានគ្រោងទុក ហើយឯកឧត្ដមសូមប្រគល់កិច្ចការនេះជូនឧត្ដមអភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងបី ដើម្បីសហការ សម្របសម្រួល និងពិភាក្សាការងារលម្អិតជាមួយក្រុមការងារនាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសលើការងារជ្រើសរើសកសិករគំរូ និងសមាសភាពដែលត្រូវចូលរួម ៕