អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាល និងចែកប័ណ្ណសមធម៌ កម្មវិធីផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្ត

ខេត្តប៉ៃលិន៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ប័ណ្ណសមធម៌ “ដែលជាកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” នៅក្នុងស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ប័ណ្ណសមធម៌ ដែលបានចេញឱ្យប្រើប្រាស់ទូទាំងប្រទេស របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមានអត្ថប្រយោជន៍ និងសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ នូវកម្មវិធីផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល ក្នុងអំឡុងជួបវិបត្តិកូវីដ-១៩នេះ ដោយគ្រួសារខ្លះមិនអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃបាន។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ សាច់ប្រាក់ដែលទទួលបាន តាមរយៈប័ណ្ណសមធម៌ គឺមិនមានការកាត់សូម្បីតែមួយកាកមួយសេនពីបងប្អូនឡើយ គឺរាល់សេវាទាំងអស់ជាបន្ទុករបស់រដ្ឋ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋទៅបើកប្រាក់នៅក្រុមហ៊ុនវីងវេលុយ(wing) គឺទទួលបានប្រាក់គ្រប់ចំនួន ឧទារហណ៍ ៖ប្រសិនបើទទួលបាន ២០ម៉ឺនរៀល គឺត្រូវបាន ២០ម៉ឺនរៀល ដូច្នេះមិនមានកាត់សេវាអ្វីទាំងអស់ ប្រសិនបើមានការកាត់ថ្លៃសេវា សូមបងប្អូនរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើដោះស្រាយជាបន្ទាន់ផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ឱ្យដឹងថា៖ បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាយើង នៅតែមានការកើនឡើង តាមរយៈការនាំចូលពីក្រៅប្រទេសនៅឡើយ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់មិនត្រូវភ្លេចខ្លួន ហើយបន្តថែរក្សាអនាម័យសុខភាពជាប្រចាំ ដោយលាងដៃជាមួយអាល់កុលឬសាប៊ូអោយបានញឹកញាប់ ទៅណាមកណាត្រូវពាក់ម៉ាស់ជានិច្ច ជាពិសេស ត្រូវខិតខំប្រកបមុខរបរ និងធ្វើស្រែចំការ ដាំដំណាំរួមផ្សេងៗដើម្បីរួមចំណែកលើកកម្ពស់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលាទំនេរទៅប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាល្បែងស៊ីសងផ្សេងៗជាដើម ត្រូវអប់រំកូនចៅ និងខ្លួនឯងជាសចាកឆ្ងាយពីគ្រឿងញៀន។

បើតាមរបាយការណ៍របស់លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្តប៉ៃលិន បានឱ្យដឹងថា៖ ប័ណ្ណសមធម៌ដែលប្រគល់ជូនដល់ប្រជាពលរដ្ឋនាពេលនេះ គឺមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” ត្រូវទទួលប័ណ្ណសមធម៌ សរុបមានចំនួន ២៧២នាក់ ក្នុងនោះប្រភេទ ក្រ១ ចំនួន១២៤នាក់ និងប្រភេទ ក្រ២ ចំនួន១៤៨នាក់៕