ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញនាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសៅរ៍ ០៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខា រួមនិងលោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០ ចំនួន ៧ ខ្នង ខូចខាតទាំងស្រុង ៣ ខ្នង និងខូចខាតស្រាល ៤ ខ្នង(ក្នុងនោះមាន ១ គ្រួសារ កំពុងរស់នៅជាមួយមេរោគអេដស៍) នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្កដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះឯកឧត្តមក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរសព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សា ឲ្យបានទាន់ពេលវេលា ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ ១៩ ។

អំណោយដែលបានចែកជូនទាំង៧គ្រួសារ ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៣គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០.០០០រៀល ។ គ្រួសាររងគ្រោះស្រាល ៤គ្រួសារ ទទួលបានថវិកា ៥០.០០០រៀល ។ ជាមួយនេះ ដោយមើលឃើញពិការលំបាករបស់គ្រួសារដែលកំពុងរស់នៅជាមួយមេរោគអេដស៍ ១ គ្រួសារ ឯកឧត្តមបានឧបត្ថម្ភបន្ថែមថវិកា ៥០០.០០០រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះ ៕