វគ្គបណ្តុះណ្តាលរំលឹកឡើងវិញស្តីពីកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យាគម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០២០ ខេត្តកំពត

ខេត្តកំពត៖ រសៀលថ្ងៃសុក្រ ៤ កើតខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា​ ឆ្នាំ ២០២០ លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចូលរួមបើកវគ្គបណ្តុះបណ្តាលឡើងវិញស្តីពីកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យាគម្រោងមូលនិធិឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានសាខាពន្ធដារខេត្ត លោកប្រធានរតនាគារខេត្ត លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគ លោកអនុប្រធានមន្ទីររ៉ែ និងថាមពល តំណាងធនាគារពាណិជ្ជអេស៊ីលីដា និងកាណាឌីយ៉ា អ្នកទទួលការគម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២០ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៥៨នាក់ ។

លោកជំទាវអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យា គម្រោងមូលនិធិឃុំ សង្កាត់ មានសារៈសំខាន់ក្នុងការការបម្រើ ដល់ការអភិវឌ្ឍន៍នៅមូលដ្ឋាន ដែលជាសំណូមពរ និងតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋតាមរយៈការលើកឡើងនៅក្នុងកម្មវិធីវនិយោគប្រចាំរបស់រដ្ឋបាលឃុំ សង្កាត់។

គម្រោងមូលនិធិឃុំ សង្កាត់ ត្រូវបានអនុវត្តផ្អែកតាម សៀវភៅណែនាំ ស្តីពី ការអនុវត្តគម្រោង មូលនិធិឃុំ សង្កាត់ (PIM) ដោយរដ្ឋបាលឃុំ សង្កាត់ផ្ទាល់ អាស្រ័យទៅតាមលទ្ធភាពលនៃកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ខ្លួន ក្រោមជំនួយបច្ចេកទេសពីទីចាត់ការផែនការ និងវិនិយោគខេត្ត ។ ជាក់ស្តែងសៀវភៅណែនាំនេះបានបរិយាយពេញលេញពីវដ្តនៃការអនុវត្តគម្រោង នីមួយៗតាមនីតិវិធី និងបច្ចេកទេស ដោយមានការចូលរួមទទួលខុសត្រូវពីអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីរៀបចំបាននូវចំព័ត៌មានគម្រោងមួយគ្រប់ជ្រុងជ្រោយ និងមានប្រិសទ្ធភាព ដែលក្នុងនោះរួមាន៖ ការសិក្សាសុវត្ថិភាពដីធ្លី និងបរិស្ថាន ការសិក្សាទីវាល ការគ្រោងប្លង់ ការបាន់ស្មានតម្លៃ ការធ្វើលទ្ធកម្ម និង ការគ្រប់គ្រងកិច្ចសន្យា។

ដោយឡែកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញនាពេលនេះ គឺលើកឡើង តែចំណុចខ្លះ នៅក្នុងសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ គឺ៖ ការងារលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យា ជាផ្នែកមួយសំខាន់ ដែលរដ្ឋបាលឃុំ សង្កាត់ត្រូវអនុវត្តនៅក្នុង ឆ្នាំ២០២០នេះ។ លទ្ធកម្ម គម្រោងមូលនិធិឃុំ សង្កាត់ មានលក្ខណៈសន្សំសំចៃថវិកា តម្លាភាព និងគណនេយ្យភាព ជារួមត្រូវបាន អនុញ្ញាតឲ្យក្រុហ៊ុន អ្នកម៉ៅការដែលមានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២០ ទូទាំងប្រទេស ចូលរួមដាក់សំណើដេញថ្លៃដោយគ្មានការហាមឃាត់ និងមានការប្រកួតប្រជែង ៕