ដេប៉ូខ្សាច់ខ្នាតយក្សដ៏ធំសម្បើមមួយកន្លែងកំពុងបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានជិតដេប៉ូនោះ

ជារៀងរាល់ថ្ងៃគេសង្កេតឃើញថាមានរថយន្តធំៗខ្នាតយក្សចូលដឹកយ៉ាងអនាធិបតេយ្យដោយមិនមានគ្របឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងមន្ទីរបានដាក់ចេញមកនោះឡើយ ហេតុដូច្នេះហើយប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងផ្លូវជាតិលេខ 21 អា តែងតែត្អូញថ្ងូរថាតាំងពីព្រឹកបើកភ្នែកមករហូតដល់យប់ទៅវិញពួកគាត់មានការពិបាករស់នៅមែនទែនដោយសារការឮសំឡេងរំខាននិងដីហ៊ុយធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនៗក៏ដូចជារូបគាត់ផ្ទាល់ផងដែរ។

យោងតាមប្រភពព័ត៌មានមួយបានបញ្ជាក់ឲ្យយើងដឹងថា ថៅកែដេប៉ូខ្សាច់នេះមានឈ្មោះថាឈុនម៉ៅហើយមិនមែនមានតែមួយកន្លែងនេះទេគឺមាន២កន្លែង ទី១នៅភូមិលេខ ១ សង្កាត់ស្វាយរលំក្រុងតាខ្មៅទី២នៅភូមិលេខ២ សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្ដាល តាមសេចក្តីរាយមកថា ទាំងពីរកន្លែងនេះគឺសុទ្ធសឹងតែធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅជិតខាងទាំងអស់ យោងតាមប្រភពច្បាស់ការមួយបានអោយអ្នកយកព័ត៌មានយើងដឹងថាកន្លងមកអាជ្ញាធរមូលដ្ឋានធ្លាប់ចុះធ្វើការណែនាំហើយដែរប៉ុន្តែឈ្មោះឈុនម៉ៅនេះមិនបានយកចិត្តទុកដាក់ស្ដាប់ឡើយមិនត្រឹមតែមិនស្ដាប់នោះទេប៉ុន្តែថែមទាំងរំលោភដីព្រែកដាក់ទុយោបង្ហូរខ្សាច់លុបព្រែកមិនត្រឹមតែប៉ុណ្ណោះចាក់ដីលុបធ្វើជាផ្លូវដើរយ៉ាងរំភើយដែលធ្វើឲ្យចរន្តទឹកចេញចូលមិនអាចដំណើរការបានប្រហែលជាខ្នងធំណាស់ហើយមើលទៅ ។

ហេតុដូច្នេះហើយប្រជាពលរដ្ឋដែលរងការប៉ះពាល់នោះពួកគាត់សំណូមពរតាមរយៈសារព័ត៌មាន PPCC news.com សូមក្រសួងមន្ទីរដែលពាក់ពាន់ ដែលមាន ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងរ៉ែថាមពល ក្រសួងបរិស្ថាន ជាពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលមន្ទីរ៉ែថាមពលខេត្តកណ្ដាលមន្ទីរបរិស្ថានខេត្តកណ្ដាលសូមអស់លោកអញ្ជើញចុះមកពិនិត្យមើលផងទានព្រោះប្រជាពលរដ្ឋកំពុងតែរងការប៉ះពាល់យ៉ាងខ្លាំង៕