ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង ​២,៥០០​លាន​ដុល្លារ​អាមេរិក

ភ្នំពេញ ៖ ក្នុងរបាយការណ៍បូកសរុបការងារគយ និងរដ្ឋាករ, លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្លែង​នៅ​ក្នុង​កម្មវិធី​កិច្ចប្រជុំ​បូកសរុប​ការងារ​គយ​ និង​រដ្ឋាករ​ប្រចាំ​ឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ ​ឲ្យ​ដឹង​ថា​ សម្រាប់​ឆ្នាំ​២០១៨ ​កន្លង​ទៅ​នេះ​ ចំណូល​សរុប​មាន​ប្រមាណ​ជាង​១០​ទ្រី​លាន​រៀល (​ប្រមាណ ២.៥០០លាន​ដុល្លារ​អាមេរិក​) កើន​ឡើង​ជាង ៣២% ធៀប​នឹងឆ្នាំ​២០១៧​ ហើយ​លទ្ធផល​ចំណូល​នេះ​ត្រូវ​ប្រមាណ​ជា​ ១២១,៤% នៃ​ផែនការ​ឆ្នាំ ដែល​កំណត់​ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ ​សម្រាប់​ការគ្រប់គ្រង​ប្រចាំ​ឆ្នាំ​២០១៨​។

លោក​ថា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ និង​អាករ​សំខាន់ៗ ដែល​ប្រមូល​ដោយ​គយ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​ពន្ធគយ​ (​ពន្ធ​នាំចូល​) ​មាន​កំណើន​ជាង ១៨%, អាករ​ពិសេស​កើន ​៤២,៤% និង​អាករ​លើ​តម្លៃ​បន្ថែម (VAT) ​កើន ​៣០,៧%​។ បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្ដម គុណ ញឹម បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ប្រភព​ចំណូល​ពន្ធ និង​អាករ​សំខាន់ៗ​មាន​៖ ១.​យានយន្ត និង​គ្រឿងចក្របាន​ដើរ​តួនាទី​ប្រមាណ​ជិត​៤៦% នៃ​ចំណូល​សរុប​, ២.​ប្រេងឥន្ធនៈ និង​ថាមពល​ប្រមាណ ​២០% នៃ​ចំណូល​សរុប និង​៣.​ទំនិញ​ចម្រុះ និង​គ្រឿង​សំណង់​មាន​សមាមាត្រ​ប្រមាណ​ជាង ៣៤%​ នៃ​ចំណូល​សរុប​។

ថ្លែង​នៅ​ក្នុង​កម្មវិធី​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា ការ​ប្រមូល​ពន្ធ​សរុប​បាន​ច្រើន ហើយ​កើន​ជាង​ឆ្នាំ​កន្លង​ទៅ​នេះ​ពិតជា​ល្អ ហើយ​ត្រូវ​ខិត​ខំ​បន្ថែម​ទៀតដើម្បី​ផលប្រយោជន៍​រួម​ទាំង​មូល​។​ លោក​បាន​បន្ថែម​ថា​ «​បើ​ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​នានា ដែល​ជា​កត្តា​ប៉ះពាល់​ដល់​ប្រតិបត្តិ​ការ​ប្រមូល​ចំណូល និង​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មន្ត្រី​គយ ​និង​រដ្ឋាករ​ត្រូវ​ខិត​ខំ​បន្ថែម​ទៀតសម្រាប់​ការងារ​នា​ពេល​ខាង​មុខ ជាពិសេស​ក្នុង​បរិបទ​នៃ​កំណែទម្រង់​ស៊ីជម្រៅ និង​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ចាប់ពី​ដើម​ឆ្នាំ២០១៩ នេះ​តទៅ​»​។

ជាមួយគ្នា​នោះ​ដែរ​លោកឧបនាយករដ្ឋមន្ត្រី​ ក៏បាន​ណែនាំ​ដល់​មន្ត្រី​គយ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​នូវ​អភិបាលកិច្ច​ល្អ​ក្នុង​អង្គភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​គយ ​និង​រដ្ឋាករ និង​ត្រូវ​ប្រកាន់ខ្ជាប់​អភិក្រម​ ៥ប្រការ​របស់សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​ផង​ដែរ​៕